នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ការបន្ថែមអ្នកសង្កេតការណ៍ មិនមែនជាការជ្រៀតជ្រែកពីខាងក្រៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា សំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អន្តរជាតិបន្ថែម ដើម្បីចូលរួមតាមដានបទឈប់បាញ់រវាងកម្ពុជា-ថៃ មិនមែនជាការជ្រៀតជ្រែកពីខាងក្រៅឡើយ។ ការលើកឡើងនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃបានលើកឡើងថា ការដាក់អ្នកសង្កេតការណ៍ មិនមែនមកពីក្រុមប្រទេសអាស៊ាន ជាការជ្រៀតជ្រែកពីខាងក្រៅ។

លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើកឡើង​ថា មូលហេតុ​ដែល​លោក​ចង់​ឱ្យ​បន្ថែម​អ្នក​សង្កេតការណ៍​អន្តរជាតិ ដោយសារ​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន​អាស៊ាន ដែល​ដឹកនាំ​ដោយ​អនុព័ន្ធ​យោធា​ម៉ាឡេស៊ី មាន​សមាជិក​តិច​ហើយ​មាន​ការងារ​ច្រើន​ដែល​មិន​អាច​រ៉ាប់រង​អស់។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​បិទ​វេទិកា​ច្បាប់​អាស៊ាន​២០២៥ (ASEAN Law Forum 2025) នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) នៅ​ថ្ងៃ​ទី២១ ខែសីហា​ថា នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) លោក​បាន​លើកឡើង​ពី​សំណើ​បន្ថែម​ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​អាច​យក​មន្ត្រី​អនុព័ន្ធ​យោធា​ពី​ស្ថានទូត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ថៃ ដើម្បី​គាំទ្រ​ដល់​ការងារ​តាមដាន​បទ​ឈប់​បាញ់ ដូច្នេះ​វា​មិន​មែន​ជា​បញ្ហា​បង្ក​ឱ្យ​មាន​ការ​ជ្រៀតជ្រែក​អ្វី​ឡើយ។

កាល​ពី​ថ្ងៃ​ទី២០ ខែសីហា សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ​ថា នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ បាន​បដិសេធ​សំណើ​ពី​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​ចង់​បន្ថែម​ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ។ លោក ភូមិថាំ វេឆាយ៉ាឆៃ បាន​បញ្ជាក់​ថា ប្រសិនបើ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បណ្ដោះអាសន្ន ចង់​បាន​សមាជិក​បន្ថែម​ចូលរួម​សង្កេតការណ៍​បទ​ឈប់​បាញ់ គឺ​អាច​ប្រើ​ក្រុម​អនុព័ន្ធ​យោធា​ឬ​បុគ្គលិក​នៃ​ស្ថានទូត​អាស៊ាន​ទាំង​៨​ប្រទេស។

នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​បាន​បញ្ជាក់​ថា លោក​បាន​ប្រាប់​ទៅ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី តាម​ទូរស័ព្ទ​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ គឺ​ជា​បញ្ហា​របស់​ប្រទេស​ចំនួន​ពីរ ហើយ​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឱ្យ​អន្តរជាតិ​ខាង​ក្រៅ ចូលរួម​ក្នុង​ការ​សង្កេតការណ៍​បទ​ឈប់​បាញ់​ឡើយ។

ទាក់ទង​ជំហរ​របស់​ភាគី​កម្ពុជា ជុំវិញ​សំណើ​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​បន្ថែម​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី២១ ខែសីហា។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​បញ្ហា​នយោបាយ​និង​សង្គម​លោក ប៉ោ មករា បាន​លើកឡើង​ថា ការ​បដិសេធ​របស់​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​ចំពោះ​សំណើ​ពី​ប្រធាន​ប្ដូរវេន​អាស៊ាន គឺ​បង្ហាញ​កាន់​តែ​ច្បាស់​ថា ប្រទេស​ថៃ​មិន​បាន​គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​ជា​ច្បាប់​អន្តរជាតិ​ឡើយ។

ជារួម ថៃ​អត់​អាច​ធ្វើ​តាម​តែ​អំពើ​ចិត្ត​បាន​ទេ ពីព្រោះ​ថៃ​ក៏​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ក៏​ជា​សមាជិក​នៃ​សមាគម​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ហ្នឹង។ ដូច្នេះ អ្វី​ដែល​ថៃ​មិន​គោរព និង​បំពាន​មក​លើ​កម្ពុជា វា​បង្ហាញ​ពី​ភាព​មិន​គោរព​ច្បាប់​ទម្លាប់​ពិភព​លោក​ទាំង​មូល។

—  លោក ប៉ោ មករា

កាល​ពី​ថ្ងៃ​ទី១៩ ខែសីហា នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា លោក​បាន​ហៅ​ទូរស័ព្ទ​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​ពិភាក្សា​លើ​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​ការ​តាមដាន​បទ​ឈប់​បាញ់​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះ​អាសន្ន ខណៈ​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នឹង​ធ្វើ​ឡើង​លើក​ទី២ នៅ​ខែ​កញ្ញា​ខាង​មុខ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា។

លោក​នាយក​រដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏​បាន​លើកឡើង​ថានៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក​បាន​ជំរុញ​ឱ្យ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ផ្លូវការ​ឱ្យ​បាន​ឆាប់និង​ដំណើរការ​នៃ​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្នដើម្បី​ឱ្យ​ការ​តាមដាន​បទ​បាញ់​កាន់​តែ​មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។